ជាអកុសល អាកាសយានិករបស់យើង គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវរកឃើញថាបានពលីជីវិតទៅហើយនៅក្នុងឧបទ្ទវហេតុនេះ ។
ខ្ញុំសូមចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងជាទីបំផុត ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុសដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន ។
ហើយនេះ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល នូវនាយទាហានពីររូបដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក ។
ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកទាំងពីរ ឆាប់បានចាប់បដិសន្ធិក្នុងសុគិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ទន្ទឹមគ្នានេះ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងាររុករកទាំងអស់ ទាំងថ្នាក់ដឹកនាំ និងកងកម្លាំងរុករកផ្ទាល់ ដែលបានខិតខំពុះពារឥតរុញរា ជម្នះគ្រប់ឧបសគ្គទាំងយប់ទាំងថ្ងៃ ប្រកបដោយទឹកចិត្តតស៊ូក្លាហាន និងហ៊ានលះបង់ រហូតស្វែងរកឃើញទីតាំងកើតហេតុ ដែលជាបេសកកម្មដ៏សែនលំបាក និងប្រកបដោយហានិភ័យនៅក្នុងភូមិសាស្ត្រព្រៃជ្រៅ រួមជាមួយនឹងកត្តាអាកាសធាតុមិនអំណោយផលក្នុងរយៈពេល ១៨ ថ្ងៃកន្លងមកនេះ ៕